គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពិព័រណ៍សកលនៅទីក្រុងឌូបៃ: ផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលត្រូវបានជ្រើសរើសដាក់តាំងពិព័រណ៍នៅអគារខ្មែរ

កាលបរិច្ឆេទ: ០៨ តុលា ២០២១ / ម្ហូបអាហារ

ពិធីតាំងពិព័រណ៍សកលនៅទីក្រុងឌូបៃឆ្នាំ២០២០ ដែលត្រូវបានផ្អាកទៅវិញដោយសារវិវបត្តិជំងឺកូវីដ១៩នោះ ត្រូវបានបើកដំណើរការនៅថ្ងៃទី១ តុលា ២០២១ ​សម្រាប់រយៈពេលប្រាំមួយខែ។ គឺជាការតាំងពិព័រណ៍សកលលើកទីមួយដែលត្រូវបានរៀបចំឡើងនៅតំបន់ Mesa (មជ្ឈឹមបូព៌ា ទ្វីបអាហ្រ្វិក និងអាស៊ីអាគ្នេយ៍)។

ប្រធានបទនៃពិព័រណ៍ឆ្នាំនេះគឺ «រួមចិត្តរួមគំនិតដើម្បីកសាងអនាគត» មានន័យថា ​ការបង្កើតថ្មី និងការរីកចម្រើនគឺជាផ្លែផ្កានៃជំនួបរវាងមនុស្ស និងមនុស្ស និងរវាងគំនិតច្នៃប្រឌិតថ្មី។ នៅក្នុងប្រធានបទធំនេះ មានប្រធានបទតូចៗចំនួនបីគឺ «ឱកាស ចរាចរណ៍ និងនិរន្តរភាព»។ ប្រទេសចំនួន១៩២ប្រទេស និងពហុភាគីដែលជាអ្នករៀបចំកម្មវិធី ព្រមទាំងគ្រឹះស្ថានអប់រំ និងក្រុមហ៊ុនសហគ្រាសនានានឹងចូលរួមក្នុងឱកាសតាំងពិព័រណ៍នេះ ហើយគេរំពឹងថានឹងមានអ្នកចូលទស្សនាប្រមាណ២២លាននាក់។

អគារខ្មែរមានទំហំ២០០ម៉ែត្រការ៉េ ហើយក្រសួងពាណិជ្ជកម្មកម្ពុជាបានចាត់តាំងក្រុមហ៊ុន Beyond Retail Business Cambodia (ហៅកាត់ថា BRB) ជាប្រតិបត្តិករផ្តាច់មុខសម្រាប់ការតាំងពិព័រណ៍ទំនិញនៅអគារខ្មែរ។ ក្រុមហ៊ុនមានតួនាទីផ្សព្វផ្សាយផលិតផលខ្មែរ សិល្បៈខ្មែរ និងចំណេះធ្វើរបស់ខ្មែរនៅលើឆាកអន្តរជាតិតាមរយៈការតាំងពិព័រណ៍នៅអគារខ្មែរនះឯង។ ផលិតផលខ្មែរសរុបទាំងអស់ជាងម្ភៃម៉ាក ដែលក្នុងនោះមានផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលផងដែរ នឹងត្រូវដាក់តាំងពិព័រណ៍ដើម្បីផ្សព្វផ្សាយបង្ហាញ និងលើកតម្លៃចំណេះធ្វើ និងភាពប៉ិនប្រសប់របស់ជនជាតិខ្មែរ។ ការតាំងពិព័រណ៍សកលលើកមុនត្រូវបានធ្វើឡើងនៅទីក្រុងMilan (ប្រទេសអ៊ីតាលី) កាលពីឆ្នាំ២០១៥។ កាលណោះ ផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលក៏មានវត្តមាននៅអគារតាំងពិព័រណ៍ខ្មែរដែរ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សាធារណជនទូទៅ ក៏ដូចជាអ្នកដែលមានអាជីព និងអ្នកជំនាញផ្នែកចំណីអាហារសរីរាង្គផងដែរ៕